រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាង ក្លូបលស្ទូដែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ បានរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាអន្តរជាតិ Beaconhouse Yamsaard International School (BYIS) នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Apiluck Yeamsaard នាយិកាប្រតិបត្តិអប់រំសិក្សាធិការ និងលោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ដែលធ្វើឡើងក្នុងគោលបំណង ចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធរវាងស្ថាប័នអប់រំទាំងពីរ ជាពិសេស ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលស្ថាប័នអប់រំ អេជី ដែលមានទីតាំងស្ថិតនៅអគារលេខ ១៧៣ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។









